ព័ត៌មាននិងព្រឹត្តិការ | ទំនាក់ទំនង | ភ្ជាប់ទៅកាន់វេបសាយផ្សេងៗ
 

 

 

ប្រវតិ្ត


ដំបូងឡើយ មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានឈ្មោះដើមថា «ការិយាល័យស្រាវជ្រាវវប្បធម៌» បង្កើតឡើងនៅក្នុងឆ្នាំ ១៩៨១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកព្រឹទ្ធាចារ្យ​ ឆេង ផុន ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការិយាល័យនេះ មានទីតាំងស្ថិតនៅមុខវត្តកោះ ដែលមានលោកសាស្រ្តាចារ្យ យី ធន់ ព្រមទាំងសាស្រ្តាចារ្យមួយចំនួនទៀត ជាអ្នកទទួលបន្ទុកដឹកនាំ។
ពីឆ្នាំ ១៩៨៦​ ដល់ ១៩៩៣ ការិយាល័យស្រាវជ្រាវវប្បធម៌ បានរើទៅទីតាំងថ្មីនៅអតីតសាលា ថាច ជា (ខាងលិចស្តាតចាស់) និងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់សាកលវិទ្យាល័យវិចិត្រសិល្បៈ​។​ លុះដល់ឆ្នាំ១៩៩៤ ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នុត ណារាំង ការិយាល័យស្រាវជ្រាវវប្បធម៌ ក៏បានប្រែក្លាយទៅជា «មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្ត» មានឋានៈស្មើនាយកដ្ឋាន   ឬមហាវិទ្យាល័យ។ រីឯការងារដឹកនាំរបស់មជ្ឈមណ្ឌល បានប្រគល់ជូនលោក ឡោ សាន ជាប្រធានមជ្ឈមណ្ឌលសា្រវជ្រាវវប្បធម៌វិទ្យាសាស្រ្ត ​និងថ្នាក់ដឹកនាំដទៃទៀត ដូចជាលោកសាស្រ្តាចារ្យ ​ប៉ោ ទៀង  លោកសាស្រ្តាចារ្យ          សាន ស៊ីសាមុត ជាដើម​។  
ពីឆ្នាំ២០០០ ដល់ ២០០៤ លោក ម៉ៅ ងីហុង ត្រូវបានតែងតាំងជាប្រធាន និងលោក អន ​បញ្ញា ជាអនុប្រធានដឹកនាំមជ្ឈមណ្ឌលនេះ ក្រោយពេល លោកសាស្រ្តាចារ្យមុនៗបានចូលនិវត្ត​។​ ពីឆ្នាំ ២០០៥ ដល់ ២០១៥ លោក អន បញ្ញា បានត្រូវតែងតាំងជាប្រធានមជ្ឈមណ្ឌល ហើយចាប់ពីខែមករា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ  លោក ជី រដ្ឋា ទទួលភារកិច្ចជាប្រធានរបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្ត។

សកម្មភាព
មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្ត បានបង្កើតឡើងដើម្បីចូលរួមអនុវត្តបេសកកម្មរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលផ្តោតសំខាន់ទៅ លើការងារបណ្តុះបណ្តាល, ស្រាវជ្រាវ និងចូលរួមចំណែកអភិរក្សមរតកសិល្បៈ និងវប្បធម៌ខ្មែរ។

ក្នុងន័យនេះ មជ្ឈមណ្ឌលក៏បានកំណត់នូវសកម្មភាពចម្បងរបស់ខ្លួនគឺ៖ ស្រាវជ្រាវ, ចងក្រង និងផ្សព្វ ផ្សាយលទ្ធផលស្រាវជ្រាវ។ ចំពោះកិច្ចការស្រាវជ្រាវ និង ចងក្រង, មជ្ឈមណ្ឌលមានគោលបំណងឲ្យមានការចូលរួមពីអ្នកស្រាវជ្រាវនានា សាស្រ្តាចារ្យ ពិសេសការចូលរួមពីនិស្សិតដែលត្រូវការបទពិសោធន៍ និងឱកាស ដើម្បីក្លាយទៅជាអ្នកស្រាវជ្រាវទៅថ្ងៃអនាគត។ រីឯសកម្មភាពផ្សព្វផ្សាយវិញ​ គឺមជ្ឈមណ្ឌលប្រើប្រាស់មធ្យោបាយផ្សេងៗ ដូចជាផ្សព្វផ្សាយតាមរយៈគេហទំព័រ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, បោះពុម្ពជាព្រឹត្តិបត្រ​​​ ឬជាសៀវភៅ។