សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យជាតិ មានភារកិច្ចបណ្តុះបណ្តាល និងស្រាវជ្រាវផ្នែកសិល្បៈ វប្បធម៌ ប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ ក្រមសីលធម៌ និងសហគ្រិនភាព ដោយផ្អែកលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង គោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សា២០៣០របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ចក្ខុវិស័យនិងបេសកកម្ម
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានចក្ខុវិស័យ និង បេកសកម្មដូចខាងក្រោម៖
គុណភាព សមត្ថភាព ជំនាញច្បាស់លាស់ ក្រមសីលធម៌ សហគ្រិនភាព
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលអ្នកផងទាំងឡាយស្គាល់ជាទូទៅថា "សាលារចនា" គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅកម្ពុជា មានតួនាទីនិងភារកិច្ចបណ្តុះបណ្តាល ផ្តល់ ចំណេះដឹងដល់និស្សិតប្រកបដោយគុណភាព សមត្ថភាព និងជំនាញច្បាស់លាស់លើ ផ្នែក សិល្បៈនិងវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានទីតាំងស្ថិតនៅជាប់របងព្រះបរមរាជវាំងផ្នែកខាងជើង
និងជាប់ របងសារមន្ទីរជាតិផ្នែកខាងលិច ដែលជាទីតាំងនៃមជ្ឈមណ្ឌលវប្បធម៌ ទេសចរណ៍
និងសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ នៃព្រះរាជណាចក្រកម្ពុជា។ ចាប់តាំងពីពេលកកើតរហូតមកទល់ពេលនេះ សាលារចនាមានអាយុជាង១០០ឆ្នាំហើយ។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍
កន្លងមកនេះ សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនរយនាក់ លើមុខជំនាញផ្សេងៗដូចជា បុរាណវិទ្យា, ស្ថាបត្យកម្ម
និងនគរោបនីយវិទ្យា, សិល្បៈរូប, នាដសាស្រ្ត និងផ្នែកតូរ្យតន្រ្តី ហើយអ្នកទាំងនោះមួយចំនួនធំកំពុងបំពេញការងារនៅក្នុង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានតួនាទីជាអ្នកដឹកនាំស្ថាប័ន ជាអ្នកថែរក្សានិងអភិរក្សមរតកវប្បធម៌ជាតិ ជាអ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ។ល។ ឯមួយចំនួនទៀតកំពុងបំពេញការងារនៅតាមក្រសួង ស្ថាប័ន អង្គការសមាគមន៍ជាតិនិងអន្តរជាតិ និងគ្រឹះស្ថានរដ្ឋនិងឯកជននានា។ ក្រៅពីនេះក៏មានមួយចំនួនកំពុងបន្តការសិក្សាយកថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅឯបរទេសតាមឯកទេសរបស់ខ្លួន។
បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានមហាវិទ្យាល័យជំនាញចំនួន៥គឺ៖ មហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យស្ថាបត្យកម្ម និង
នគរោបនីយវិទ្យា, មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យាល័យតូរ្យតន្រ្តី និងមហាវិទ្យាល័យសិល្បៈនាដ្ឋសាស្រ្ត។ ក្រៅពីនេះសាកលវិទ្យាល័យក៏មាន មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌និងវិទ្យាសាស្រ្ត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវផ្នែកសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ប្រកប
ដោយវិជ្ជាជីវៈ។ សាកលវិទ្យាល័យមានសាស្រ្តាចារ្យជំនាញជាច្រើននាក់កំពុងបង្ហាត់បង្រៀនដល់និស្សិតជាង៣០០០នាក់ដែលកំពុងសិក្សាឆ្នាំ២០១៨
២០១៩ នៅតាមមហាវិទ្យាល័យនីមួយៗ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិជាច្រើន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងនិងពង្រីកកិច្ច
សហប្រតិបត្តិការក្នុងក្របខណ្ឌជាតិ។ ចំណែកទំនាក់ទំនងអន្តរជាតិវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានកិច្ចសហការជាមួយសាកលវិទ្យាល័យ
និងវិទ្យាស្ថាននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដូចជាសាកលវិទ្យាល័យមួយចំនួននៃព្រះរាជាណាចក្រថៃ, វៀតណាម, សិង្ហបុរី, សាធារណៈរដ្ឋកូរ៉េ, សាធារណៈរដ្ឋប្រជាមានិតចិន, ជប៉ុន, ឥណ្ឌា, សាធារណៈរដ្ឋបារាំង, អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ល។
ក្នុងនាមគ្រឹះស្ថានសាធារណៈរដ្ឋបាល និងជាគ្រឹះស្ថានឧត្តមសិក្សាផ្តល់ចំណេះដឹងនិងជំនាញផ្នែកសិល្បៈនិងវប្បធម៌ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
កំពុងបោះជំហានទៅមុខដោយឈរលើមូលដ្ឋានកំណែរទម្រង់រចនាសម្ព័ន្ធ អភិវឌ្ឍកម្មវិធីសិក្សា និងកែលំអហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់ទំនុកចិត្តខ្ពស់ថែមទៀតដល់និសិ្សតក្នុងការទទួលបានចំណេះដឹង និងជំនាញប្រកបដោយគុណភាព សមត្ថភាព សហគ្រិនភាពនិងមានបំណិនជីវិតច្បាស់លាស់។
ទន្ទឹមនឹងនេះ សាកលវិទ្យាល័យនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្រឹះស្ថាប័នឧត្តមសិក្សាជាតិនិងអន្តរជាតិថែមទៀត ដើម្បីផ្តល់ឱកាសឱ្យនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវនិងបុគ្គលិកសិក្សាមានលទ្ធភាពអភិវឌ្ឍន៍ចំណេះដឹង និងចំណេះធ្វើរបស់ខ្លួនក្លាយជាអ្នកបន្តវេន និងមានសមត្ថភាពខ្ពស់អាចចូលរួមប្រឡូកក្នុងទីផ្សារការងារទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
ការរចនាគេហទំព័រ(Website)របស់សាកលវិទ្យាល័យរៀបចំឡើងវិញនាពេលនេះ នឹងធ្វើឱ្យនិស្សិត, អ្នកស្រាវជ្រាវ, សាធារណជនទូទៅ និងដៃគូ
សហប្រតិបត្តិការជាតិ និងអន្តរជាតិទាំងឡាយកាន់តែមានភាពងាយស្រួល ក្នុងការស្វែងយល់បានស៊ីជម្រៅអំពីរចនាសម្ព័ន្ធ ធនធាន និងសក្តានុពល
របស់សាកលវិទ្យាល័យ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ប្រិយមិត្តទាំងឡាយនឹងទទួលបានព័ត៌មានថ្មីៗអំពីសាកលវិទ្យាល័យដ៏ចំណាស់មួយនេះកាន់តែសម្បូណ៌បែបថែមទៀត ហើយយើងខ្ញុំរង់ចាំទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅចំពោះដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមរីករាយក្នុង
ការផ្តល់នូវព័ត៌មាននានា ដើម្បីជួយសម្រួលដល់សិស្ស និស្សិតដែលមានបំណងចុះឈ្មោះចូលរួមមុខជំនាញនានាក្នុងសាកលវិទ្យាល័យយើងខ្ញុំ។
ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងវប្បធម៌និង
វិចិត្រសិល្បៈ សាស្ត្រាចារ្យ អតីតនិស្សិត និស្សិត និងមហាជនទូទៅដែលតែងគាំទ្រដល់បេសកកម្មរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតាំងពី
ដើមរៀងមក។
ខ្ញុំសូមឆ្លៀតយកឱកាសនេះ ប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ចូរកើតមានដល់លោក អ្នកទាំងឡាយ និងទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិពាណៈកុំបីក្លាយជាប្រការដទៃឡើយ។
សូមអរគុណ
បណ្ឌិត ហេង សុផាឌី